កុំយកតួនាទីរបស់ខ្លួនទៅវាតទីយកទ្រព្យសម្បត្តិរបស់រដ្ឋ
រាជធានីភ្នំពេញ ៖ យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ បានឲ្យដឹងថា នៅក្នុងពិធីបិទសន្និបាតគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា កាលពីល្ងាចថ្ងៃ ទី២២ ខែធ្នូ នៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុត ដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ព្រមសមាជិកសមាជិកាចលនាមហាជននៃគណៈកម្មាធិការកណ្តាល គណបក្ស ដែលបានចូលរួមសម្រេចបាននូវជោគជ័យធំៗជាច្រើនសម្រាប់ជាតិ មាតុភូមិ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជម្រុញដល់មន្ត្រីដែល កំពុងធ្វើការបម្រើ រាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ចំពោះប្រជា ពលរដ្ឋក្នុងការផ្តល់សេវាសាធារណៈជូនពួកគាត់ និងទទួល យកសំណើនានាពីពួកគាត់ដើម្បីបង្កើនជំនឿជាក់និងបង្កភាពកក់ក្តៅ ។ អ្វីដែលសម្តេចតេជោ ប្រធានគណ បក្សមិនភ្លេចធ្វើការណែនាំនោះ គឺ ហាមដាច់ខាតមន្ត្រីបក្សមិនត្រូវយកតួនាទីទៅវាតទីយកទ្រព្យ សម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនឡើយ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ដោយសារគណបក្សមានមាគា៍ដឹកនាំត្រឹមត្រូវ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់ ប្រជាពលរដ្ឋ មកទល់ពេលនេះគឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងនោះក៏មានការចូលរួមពីគណបក្សនយោបាយនានាផងដែរ ដែលធ្វើឲ្យគណបក្សប្រជាជនកាន់តែរឹងមាំ និងបន្តឈ្នះឆ្នោត និងកាន់ តែរីកធំធាត់ទៅមុខជានិច្ច ។
សម្តេចតេជោបន្តថា ច្បាស់ណាស់គឺគ្រប់កាលៈទេសៈទាំងអស់ គណបក្សប្រជាជនកម្ពុជា តែងតែនៅជិតប្រជាពលរដ្ឋ ហើយខិតខំពង្រឹងនូវសាមគ្គីភាព និងប្រមូលនូវគ្រប់ធនធានទាំងឡាយដើម្បីជំរុញការកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិឲ្យកាន់តែរីកចម្រើនទៅមុខ ។ ទន្ទឹមនឹងនោះ គឺយើងត្រូវបន្តចូលរួមថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយសង្គមឲ្យបានរឹងមាំ ដើម្បីកម្ពុជាកាន់តែមានឱកាសអភិវឌ្ឍប្រទេសជាតិ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំឭកផងដែរដល់មន្ត្រីគឺហាមដាច់ខាតកុំយកតួនាទី ទៅវាតទីយកទ្រព្យសម្បត្តិរដ្ឋ ធ្វើជា របស់ខ្លួនដូចជា ការលុបដីសមុទ្រនៅខេត្តកោះកុងយកធ្វើជាទ្រព្យសម្បត្តិផ្ទាល់ ខ្លួនជាដើម។សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ មន្ត្រីថ្នាក់ដឹកនាំគណបក្សទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗជាបន្តទៀត ក្នុង បេសកកម្មដឹកនាំបម្រើប្រទេសជាតិ និង បម្រើប្រជាពល រដ្ឋ ឲ្យទទួលបាននូវផលប្រយោជន៍កាន់តែច្រើនឡើងថែមទៀត នៅក្រោមអាណត្តិនៃការដឹកនាំរបស់គណ បក្ស ប្រជាជនកម្ពុជា ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានរំឭកដល់មន្ត្រីគណៈបក្ស ជាពិសេសមន្ត្រីដែលមានតួនាទីកំពុងបម្រើរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់បម្រើប្រជា ពលរដ្ឋឲ្យទទួលបាននូវសេវាសាធារណៈ ក្នុងនោះគឺមានទាំងសេវាតម្រូវការ និងសេវាចាំបាច់នានា ព្រមទាំងទទួល យកនូវសំណូមពរនានាពីប្រជាពលរដ្ឋ ដើម្បីបង្កើននូវជំនឿនិងភាពកក់កក្តៅកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ ៕